ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


ក្រុមប្រឹក្សាកិច្ចការវត្តអារាមក្នុងឧទ្យានអង្គរ (CoMAPA) រៀបចំផ្សព្វផ្សាយផែនការមេសម្រាប់វត្ដអារាមក្នុងឧទ្យានអង្គរ លើកទី១

ក្រុមប្រឹក្សាកិច្ចការវត្តអារាមក្នុងឧទ្យានអង្គរ (CoMAPA) រៀបចំផ្សព្វផ្សាយផែនការមេសម្រាប់វត្ដអារាមក្នុងឧទ្យានអង្គរ លើកទី១

ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅវត្តអង្គរខាងជើង ក្រុមប្រឹក្សាកិច្ចការវត្តអារាមក្នុងឧទ្យានអង្គរ (CoMAPA) ដែលមានព្រះមេគណខេត្តសៀមរាប ជាព្រះប្រធាន ក្រោមការសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា បានរៀបចំកម្មវិធីផ្សព្វផ្សាយការរៀបចំផែនការមេ សម្រាប់វត្តអារាមក្នុងតំបន់ឧទ្យានអង្គរ លើកទី១ ឆ្នាំ២០២៦។

ការផ្សព្វផ្សាយផែនការប្លង់មេសម្រាប់វត្ដអារាមក្នុងឧទ្យានអង្គរ លើកទី១នេះ បានរៀបចំឡើងក្រោមព្រះរាជធិបតីភាពរបស់សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះសង្ឃនាយករងទី៣ និងជាព្រះរាជតំណាងដ៏ខ្ពស់ខ្ពស់របស់សម្តេចព្រះសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង ព្រះប្រធានគណៈសង្ឃនាយកគណមហានិកាយពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ជាព្រះប្រធានថេរសភាសង្ឃ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ដោយមានការអញ្ជើញចូលរួមពីលោក ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ឯកឧត្តម ផាន់ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ព្រមទាំងព្រះសង្ឃ មន្ត្រីរាជការ យាយជីតាជីជាច្រើនអង្គ/នាក់។

សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ជាព្រះប្រធានថេរសភាសង្ឃនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់កោតសរសើរចំពោះអាជ្ញាធរជាតិអប្សរា ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយ CoMAPA ក្នុងការរៀបចំវត្តអង្គរខាងជើង និងវត្តដទៃទៀតឱ្យបានល្អប្រសើរ ស័ក្តិសមជាកន្លែងព្រះសង្ឃគង់នៅបដិបត្តិតាមពុទ្ធឱវាទ ដែលការរៀបចំនេះជាថវិការបស់អាជ្ញាធរជាតិអប្សរា ក្នុងការសាងសង់សំណង់ផ្សេងៗ ដែលជាតម្រូវការចាំបាច់នៅក្នុងវត្តរួមមាន កុដិចំនួន២ខ្នង ផ្ទះបាយ១ខ្នង បន្ទប់ទឹកសម្រាប់ព្រះសង្ឃ១ខ្នង បន្ទប់ទឹកសាធារណៈ២ខ្នង។ នាពេលខាងមុខដ៏ខ្លីនេះ វត្តអង្គរខាងជើងនឹងក្លាយជាកន្លែងផ្តល់នូវចំណេះដឹងដល់ពុទ្ធបរិស័ទ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យយល់ដឹងពីព្រះពុទ្ធសាសនា ហើយក៏ជាកន្លែងទស្សនា និងធ្វើសមាធិជាដើម។ ការរៀបចំវត្តអង្គរខាងជើងនេះ បានផ្តល់នូវសោភ័ណភាពនៅក្នុងបរិវេណប្រាសាទអង្គរវត្តនេះ និងជាគំរូសម្រាប់វត្តដទៃ។

សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយ ព្រះអង្គសព្វព្រះទ័យចំពោះកិច្ចការរៀបចំប្លង់មេវត្តអារាមនេះ ពិសេសការរៀបចំប្លង់មេនៅវត្តអង្គរខាងជើង ហើយសម្តេចក៏បានផ្តាំផ្ញើជំរុញឱ្យគណៈសង្ឃខេត្ត រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាបន្តរៀបចំនៅតាមបណ្តាវត្តដទៃទៀតក្នុងតំបន់អង្គរ ជាពិសេសវត្តអង្គរខាងត្បូងផងដែរ។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរាបានថ្លែងថា គោលបំណងនៃការកែប្រែទីវត្តអារាមនាពេលនេះ និងពេលខាងមុខក្តី គឺដើម្បីផលប្រយោជន៍សម្រាប់ព្រះសង្ឃផង និងបង្ហាញពីតម្លៃនៃព្រះពុទ្ធសាសនាផង។ កិច្ចការនេះត្រូវបានអ្នកជំនាញការអន្តរជាតិ បានស្ងើចសរសើរចំពោះអង្គរ ដែលជាគំរូមួយដ៏ល្អសម្រាប់បណ្តាប្រទេសនានា យកទៅអនុវត្តតាមបាន ដោយសារកិច្ចការសាសនាបានដំណើរការដោយរលូនជាមួយនឹងកិច្ចការពារបេតិកភណ្ឌរបស់រាជរដ្ឋាភិបាល។ លោកជំទាវបណ្ឌិតសភាចារ្យ បានថ្លែងអំណរព្រះគុណ សម្ដេចគណៈសង្ឃនាយក និងសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ដែលព្រះអង្គតែងតែយកចិត្តទុកដាក់ចូលរួមគាំទ្រយ៉ាងសកម្មក្នុងការទ្រទ្រង់ព្រះពុទ្ធសាសនា និងរួមចំណែកថែរក្សា ការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ រហូតឈានដល់សម្រេចបាននូវលទ្ធផលនេះ។

ក្នុងដំណើរការនៃកិច្ចផ្សព្វផ្សាយនេះ ក៏មានការបង្ហាញអំពីដំណើរនៃការរៀបចំប្លង់មេ សរុបចំនួន៥វត្តរួមមាន វត្តអង្គរខាងជើង វត្តអង្គរខាងត្បូង វត្តព្រះវិហារប្រាំពីរល្វែង វត្តព្រះអង្គគោកធ្លក និងវត្តព្រះឥន្ទទេព។ មុនឈានដល់ការសម្រេចបាននូវការធ្វើប្លង់មេវត្តនីមួយៗ ក្រុមការងារបច្ចេកទេសបានគិតគូរយ៉ាងច្បាស់លាស់ ដោយបានរួមបញ្ចូលទាំងទ្រឹស្តីព្រះពុទ្ធសាសនា ទំនៀមទម្លាប់ខ្មែរ ប្រពៃណី សិល្បៈ បរិស្ថាន និងសោភ័ណភាពជាដើម៕

អត្ថបទ: យី សុថា
រូបភាព: ស៊ិន ប្រណី និង ហាប់ គឹមអាន