ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារលើវិស័យសិល្បៈវប្បធម៌ ក្នុងការជំរុញអនុវត្តផែនការសកម្មភាពនៃយុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨

,
ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារលើវិស័យសិល្បៈវប្បធម៌ ក្នុងការជំរុញអនុវត្តផែនការសកម្មភាពនៃយុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨

នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារលើវិស័យសិល្បៈវប្បធម៌ ក្នុងការជំរុញអនុវត្តផែនការសកម្មភាពនៃយុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨។ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ក្នុងគោលដៅជំរុញការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យសម្រេចបានជោគជ័យ និងដោយពិនិត្យឃើញ បុគ្គលស្វ័យនិយោជនៅក្នុងវិស័យសិល្បៈវប្បធម៌មានឥទ្ធិពលក្នុងការគាំពារសង្គម និងសេដ្ឋកិច្ចជាតិ ដូចនេះក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ស្នើសុំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផ្តល់ការគាំទ្រ និងជួយសម្របសម្រួលដើម្បីលើកទឹកចិត្តដល់អ្នកប្រកបរបរធុនមីក្រូក្នុងវិស័យសិល្បៈវប្បធម៌ ក៏ដូចបុគ្គលស្វ័យនិយោជ ធ្វើការចុះឈ្មោះក្នុងប្រព័ន្ធអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីពួកគាត់អាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដូចជាការធានារ៉ាប់រងការគ្រោះថ្នាក់ និងការបញ្ចុះតម្លៃលើសេវាកម្មមួយចំនួន ជាដើម។

ជាការឆ្លើយតប លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះផែនការសកម្មភាពនៃយុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ដែលជាយុទ្ធសាស្រ្តអាទិភាពមួយនៃគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧។ លោកជំទាវបានបន្តថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងសម្របសម្រួលជាមួយគ្រប់អង្គការ សមាគមសិល្បៈនានា ដើម្បីធ្វើការផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹង ពិសេសអត្ថប្រយោជន៍នៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ សំដៅគៀងគរអ្នកប្រកបរបរធុនមីក្រូក្នុងវិស័យសិល្បៈ វប្បធម៌ ក៏ដូចបុគ្គលស្វ័យនិយោជ សិល្បករសិល្បការិនី ផលិតករ អ្នកនិពន្ធ ឲ្យចូលរួមបានច្រើន។