ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការមរតកខ្មែរ បណ្តុះបណ្តាលសិស្សសាលាបឋមសិក្សាក្របីរៀល អំពីប្រវត្តិ និងការងារអភិរក្សរមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការមរតកខ្មែរ បណ្តុះបណ្តាលសិស្សសាលាបឋមសិក្សាក្របីរៀល អំពីប្រវត្តិ និងការងារអភិរក្សរមណីយដ្ឋានអង្គរ

ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងបណ្តុះស្មារតីស្រឡាញ់បេតិកភណ្ឌដល់កុមារា កុមារី ដែលជាយុវជនជំនាន់ក្រោយរស់នៅក្នុងតំបន់អង្គរ អាជ្ញាធរជាតិអប្សរា បានសហការជាមួយអង្គការមរតកខ្មែរ (KHO) រៀបចំកម្មវិធីអប់រំបេតិកភណ្ឌ ស្តីពី «ប្រវត្តិការងារអភិរក្សរមណីយដ្ឋានអង្គរ» ជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាក្របីរៀល។ វគ្គអប់រំនេះ បានបង្រៀនដោយគ្រូបង្គោល លោក អន សុភាព បង្ហាត់បង្ហាញសិស្សនូវចំណុចគន្លឹះសំខាន់ៗចំនួន៤ ដូចខាងក្រោម៖

កត្តាបណ្តាលឱ្យសំណង់ប្រាសាទបុរាណខ្មែរទទួលរងការខូចខាត និងទ្រុឌទ្រោម ដែលបណ្តាលមកពីកត្តាធម្មជាតិ អាយុកាល ដោយការឆ្លងកាត់ពេលវេលារាប់រយនិងពាន់ឆ្នាំ ធ្វើឱ្យសម្ភារៈសំណង់ចុះទ្រុឌទ្រោម និងពុកផុយទៅតាមសម័យកាល លើសពីនេះអាកាសធាតុ ដែលបានប្រែប្រួលសីតុណ្ហភាពពីកម្ដៅ សំណើម ខ្យល់ និងភ្លៀង បង្កឱ្យដុំថ្មប្រាសាទប្រេះស្រាំ និងបាក់បែក ព្រមទាំងទឹកជំនន់និងការហូរច្រោះ ដោយលំហូរទឹកភ្លៀង បណ្តាលឱ្យគ្រឹះប្រាសាទស្រុតចុះ ឬជញ្ជាំងទ្រេត។

ព្រមជាមួយនេះ ដើមឈើធំៗ និងរុក្ខជាតិនានាដែលដុះចាក់ឫសជ្រៅក្នុងចន្លោះថ្ម បានរុញច្រានដុំថ្ម និងគ្រឹះសំណង់ ធ្វើឱ្យរចនាសម្ព័ន្ធប្រាសាទប្រឈមនឹងការដួលរលំដែរ។ ទន្ទឹមនឹងនេះ កត្តាមនុស្ស មានសង្គ្រាម និងភាពអសន្តិសុខ ដូចជាសង្គ្រាមនាអតីតកាលច្រើនឆ្នាំ បានបង្កការខូចខាតដោយផ្ទាល់តាមរយៈការទម្លាក់គ្រាប់ បាញ់ប្រហារជាដើម។ បន្ថែមពីនេះ ភាពអសន្តិសុខបានបើកឱកាសឱ្យមានការលួចជីកនិងជួញដូរវត្ថុបុរាណ ការដាប់គាស់យករូបចម្លាក់ ផ្ទាំងចម្លាក់ និងការជីកកកាយតាមស្ថានីយបុរាណផ្សេងៗ។

មូលហេតុមួយទៀតទាក់ទងនឹងការផ្លាស់ប្ដូររាជធានី និងការបោះបង់ចោលនាអតីតកាល ធ្វើឱ្យសំណង់ប្រាសាទខ្វះការថែទាំ និងជួសជុលទាន់ពេលវេលា។

ដើម្បីបង្កើនចំណេះដឹងដល់សិស្ស យើងបានបង្ហាញពីប្រវត្តិការងារអភិរក្ស និងជួសជុលរមណីយដ្ឋានអង្គរ ដែលការងារអភិរក្សអង្គរបានចាប់ផ្តើមជាផ្លូវការនៅដើមសតវត្សរ៍ទី២០ ដោយសាលាបារាំងចុងបូព៌ា (EFEO) និងការបង្កើត «អភិរក្សដ្ឋានអង្គរ» នៅឆ្នាំ១៩០៨។ ការងារនេះបានវិវឌ្ឍជាបន្តបន្ទាប់ រហូតឈានដល់ការបង្កើត អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៩៥។

បច្ចុប្បន្ន ការងារការពារ និងអភិរក្សត្រូវបានអនុវត្តយ៉ាងហ្មត់ចត់ដោយផ្អែកលើបទដ្ឋានស្តង់ដារអន្តរជាតិ និងធម្មនុញ្ញអង្គរ ក្រោមការសម្របសម្រួលរបស់អង្គការយូណេស្កូ (UNESCO) និងគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ (ICC-Angkor)។

លោក អន សុភាព បានបន្ថែមថា កិច្ចសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីតំបន់អង្គរត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ មក ស្ថាប័នអន្តរជាតិ និងដៃគូនានាជុំវិញពិភពលោក បានចូលរួមយ៉ាងសកម្មជាមួយកម្ពុជា ក្នុងការបណ្តុះបណ្តាល បញ្ជូនអ្នកជំនាញ និងផ្តល់បច្ចេកវិទ្យាក្នុងការស្រាវជ្រាវ អភិរក្ស និងជួសជុលប្រាសាទក្នុងតំបន់អង្គរ។

ចំពោះ សកម្មភាពអភិរក្សរមណីយដ្ឋានអង្គរដោយស្ថាប័នជាតិវិញនៅក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបាននិងកំពុងបំពេញបេសកកម្មយ៉ាងសកម្មលើការងារសំខាន់ៗរួមមាន៖

ការងារស្រាវជ្រាវ និងចងក្រងឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេស និងការកំណត់ និងអនុវត្តគោលការណ៍អភិរក្សសំណង់បេតិកភណ្ឌអង្គរឱ្យត្រូវតាមបទដ្ឋានដើម ព្រមទាំងការអនុវត្តការងារសង្គ្រោះបន្ទាន់ ការជួសជុល និងការថែទាំប្រាសាទជាប្រចាំ។

កម្មវិធីអប់រំបេតិកភណ្ឌនេះ បានផ្តល់ចំណេះដឹងយ៉ាងសំខាន់ដល់សិស្សានុសិស្សសាលាបឋមសិក្សាក្របីរៀល ឱ្យយល់ដឹងកាន់តែច្បាស់អំពីតម្លៃឥតគណនានៃបេតិកភណ្ឌពិភពលោកអង្គរ ព្រមទាំងជំរុញឱ្យកុមារដែលជានិវេសនជនរស់នៅក្នុងតំបន់បេតិកភណ្ឌ ចូលរួមចំណែកថែរក្សា ការពារ និងមានមោទនភាពចំពោះសម្បត្តិវប្បធម៌ដូនតាខ្លួនតទៅអនាគត៕

អត្ថបទ & រូបភាព៖ ការិយាល័យផ្សព្វផ្សាយ