នាល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ “ទិវាវប្បធម៌ឡាវនៅកម្ពុជាឆ្នាំ២០២៦” ដើម្បីអបអរសាទរខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជានៅសាលសន្និសីទចតុម្មុខ។ ថ្លែងនៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ ចំពោះសិល្បករឡាវដែលដឹកនាំដោយឯកឧត្តម Khamphou Phiasackkha អគ្គនាយកផែនការនិងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងវប្បធម៌និងទេសចរណ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលមកចូលរួមសម្តែងសិល្បៈនារាត្រីនេះ។ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានបន្ថែមទៀតថាកម្ពុជា និងឡាវ បានភ្ជាប់ទំនាក់ទំនងចំណងមិត្តភាពជាមួយគ្នាជាប្រវត្តិសាស្ត្រនិងយ៉ាងជិតស្និទ្ធជាយូរអង្វែងមកហើយ ក្នុងនាមជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីដ៏ពិសេស និងភាពជាដៃគូយុទ្ធសាស្ត្រប្រកបដោយទំនុកចិត្តខ្ពស់បំផុត។ ការសម្តែងសិល្បៈនាពេលនេះ ជាវេទិកាដែលបង្ហាញពីការផ្លាស់ប្តូរវប្បធម៌រវាងគ្នាទៅវិញទៅមកដែលនេះជាសក្ខីភាពនៃការឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌យ៉ាងជិតស្និទ្ធរវាងប្រទេសយើងទាំងពីរ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បេ្តជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងភាគីឡាវលើការផ្លាស់ប្តូរសិល្បៈ និងវប្បធម៌ ការបណ្តុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗលើវិស័យវប្បធម៌៕












