នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានទទួលជួបលោកជំទាវ Silke RÖFER ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌។
នៅក្នុងជំនួបនេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍និងអបអរសាទរចំពោះលោកជំទាវឯកអគ្គរដ្ឋទូតដែលបានទទួលការតែងតាំងថ្មី។ បន្ថែមពីនេះលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ដែលតែងតែជួយកម្ពុជាលើវិស័យវប្បធម៌ទាំងរូបី និងអរូបី ការថែរក្សា ជួសជុលប្រាសាទនានានៅកម្ពុជា ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស ការសិក្សាស្រាវជ្រាវ និងការគ្រប់គ្រងនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ ជាមួយគ្នានេះដែរភាគីទាំងពីរប្តេជ្ញារួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតលើវិស័យវប្បធម៌ក៏ដូចជាការផ្តល់អាហាររូបករណ៍ដល់និស្សិតកម្ពុជាដើម្បីបន្តការសិក្សានៅប្រទេសអាល្លឺម៉ង់ នាពេលអនាគត៕







