ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


«ទិដ្ឋភាព នៃការអប់រំ និងការអភិវឌ្ឍសមត្ថភាព» ទាំងផ្នែកការផ្ទេរចំណេះដឹង ការបង្កើនជំនាញការងារ និងការបណ្តុះស្មារតីស្រឡាញ់បេតិកភណ្ឌវប្បធម៌ជាតិ

«ទិដ្ឋភាព នៃការអប់រំ និងការអភិវឌ្ឍសមត្ថភាព» ទាំងផ្នែកការផ្ទេរចំណេះដឹង ការបង្កើនជំនាញការងារ និងការបណ្តុះស្មារតីស្រឡាញ់បេតិកភណ្ឌវប្បធម៌ជាតិ

អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី «ការបង្កើនចំណេះដឹងលើតម្លៃអង្គរ និងកិច្ចការអភិរក្ស» ដើម្បីពង្រឹងសមត្ថភាពការអប់រំបេតិកភណ្ឌដល់មន្ត្រី និងភ្នាក់ងារទេសចរណ៍ចំនួន ៤០នាក់ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងចម្បងក្នុងការផ្ទេរចំណេះដឹង និងអប់រំស៊ីជម្រៅ អំពីប្រវត្តិសាស្ត្រ អារ្យធម៌ សិលាចារឹក តម្លៃអក្សរសាស្ត្រខ្មែរ បេតិកភណ្ឌអរូបី ព្រមទាំងជំនឿ និងពិធីបុរាណផ្សេងៗរបស់ប្រជាជននៅតំបន់អង្គរ។ ការអប់រំបំប៉ននេះ នឹងជួយឱ្យភ្នាក់ងារទេសចរណ៍ដែលបំពេញការងារផ្ទាល់នៅតាមប្រាសាទបុរាណ មានមូលដ្ឋានចំណេះដឹងច្បាស់លាស់ ក្នុងការចែករំលែក និងបកស្រាយព័ត៌មានប្រកបដោយប្រភពច្បាស់លាស់ជូនដល់សាធារណជន និងទេសចរ។

លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ គឺជាស្ពានតភ្ជាប់រវាងអតីតកាលដ៏រុងរឿងនៃអង្គរមក មន្ត្រី-បុគ្គលិកដែលជាអ្នកស្រុកអង្គរ ហើយកំពុងបម្រើការនៅអង្គរ ក្នុងការស្វែងយល់បន្ថែម និងបង្កើនចំណេះដឹងអំពីប្រវត្តិដូនតារបស់ខ្លួន។ លោកបានបន្ថែមថា ការអប់រំពង្រឹងជំនាញជាប្រចាំនេះ នឹងធ្វើឱ្យភ្នាក់ងារទេសចរណ៍ទាំងអស់ ក្លាយជា «អ្នកអប់រំបេតិកភណ្ឌ» និងជាប្រតិបត្តិករដែលមានការទទួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរប្រកបដោយប្រសិទ្ធភាព និងចីរភាព។

លោក អ៊ឹម សុខរិទ្ធី ក៏បានសម្តែងក្តីសង្ឃឹមថា ដំណើរការអប់រំ និងបណ្តុះបណ្តាលនេះ នឹងមិនបញ្ចប់ត្រឹមវគ្គនេះឡើយ។ អាជ្ញាធរជាតិអប្សរា នឹងបន្តរៀបចំការសិក្សាបំប៉នបន្ថែមជាបន្តបន្ទាប់ទៀត (វគ្គទី២) ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្វែងយល់ និងការចង់ចេះចង់ដឹងបន្ថែមរបស់មន្ត្រី-បុគ្គលិក។

នៅក្នុងវគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃនេះ អ្នកជំនាញ និងវាគ្មិនកិត្តិយសចំនួន ៤រូប បានធ្វើបទបង្ហាញអប់រំយ៉ាងស៊ីជម្រៅលើប្រធានបទសំខាន់ៗ រួមមាន៖

  • ការសិក្សាអំពីប្រវត្តិសាស្ត្រ និងរចនាសម្ព័ន្ធទីក្រុងបុរាណ៖ ការអប់រំអំពីភូមិសាស្ត្រ ប្រព័ន្ធសុខាភិបាល/មន្ទីរព្យាបាល ប្រព័ន្ធអប់រំ និងការរៀបចំដែនដីក្នុងសម័យបុរាណ។
  • ប្រវត្តិសាស្ត្រ និងនីតិវិធីនៃការអភិរក្ស៖ ដំណើរការសិក្សាស្រាវជ្រាវ ការដាក់បញ្ចូលអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងតម្លៃលេចធ្លោជាសកល។
  • ការសិក្សាអំពីបេតិកភណ្ឌរូបី និងអរូបី៖ ទំនាក់ទំនងរវាងមនុស្សនិងប្រាសាទ ព្រមទាំងការអភិរក្សបេតិកភណ្ឌរស់។
  • សិលាចារឹក និងតម្លៃនៃអក្សរសាស្រ្តខ្មែរ៖ ការបណ្តុះបណ្តាលឱ្យយល់ដឹងអំពីសិលាចារឹក ដែលជា «បណ្ណសារប្រវត្តិសាស្ត្រដ៏រស់រវើក» ក្នុងការកត់ត្រានូវព្រឹត្តិការណ៍នយោបាយ សាសនា សេដ្ឋកិច្ច និងសង្គមសម័យបុរាណ។ ទន្ទឹមនឹងនេះ វគ្គសិក្សាបានរំលេចយ៉ាងច្បាស់អំពីតម្លៃមហាសាលនៃអក្សរសាស្ត្រ និងភាសាខ្មែរ ដែលជាអត្តសញ្ញាណ គ្រឹះនៃទស្សនវិជ្ជា និងជាឧបករណ៍ឆ្លុះបញ្ចាំងពីវិវឌ្ឍនភាពនៃប្រាជ្ញាញាណរបស់ដូនតាខ្មែរ តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ដើម្បីបណ្ដុះស្មារតីមន្ត្រី-បុគ្គលិកឱ្យមានមោទនភាព និងចូលរួមថែរក្សាអក្សរសាស្ត្រជាតិឱ្យបានគង់វង្ស៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ ហាប់ គឹម,សឿន ប៊ុនស៊រ