នៅល្ងាចថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំម្សាញ់ អដ្ឋស័ក ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ឺ វីរៈ ប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយឯកឧត្ដម ទិត្យ ថាវរិទ្ធ អនុប្រធានក្រុមការងារ ស.ស.យ.ក. វិស័យវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តម សុះ ស៊ុបអុី អនុប្រធានក្រុមការងារ ស.ស.យ.ក. វិស័យវប្បធម៌និងវិចិត្រសិល្បៈ និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ ឯកឧត្ដម ជុច ភឿន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអតីតរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅគេហដ្ឋានសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្ដម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ បន្ថែមពីនោះ ឯកឧត្តម បានថ្លែងអំណរគុណចំពោះឯកឧត្ដមដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការចូលរួមថែរក្សា លើកស្ទួយសិល្បៈវប្បធម៌ជាតិជាច្រើនឆ្នាំ និងនៅតែបន្តជួយជាតិលើវិស័យបេតិកភណ្ឌជានិច្ច៕









