ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ទទួលជួប ឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា

ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ទទួលជួប ឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា

នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួប ឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសម និងរាយការណ៍ជូនពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការវប្បធម៌រវាងកម្ពុជា និងជប៉ុន ពិសេសក្នុងវិស័យភាពយន្ត នៅទីស្តីការក្រសួង។ ទន្ទឹមនឹងនេះ សមាគមកំពុងធ្វើការសម្របសម្រួលជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជា ដើម្បីពិនិត្យលទ្ធភាពក្នុងការផ្ដល់ជូនក្រសួងនូវឧបករណ៍សម្រាប់បំលែងភាពយន្តដុំហ្វីលចាស់ៗ មកជាឯកសារឌីជីថល ដើម្បីប្រើប្រាស់ក្នុងការអភិរក្សនិងអភិវឌ្ឍឯកសារភាពយន្ត។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានថ្លែងអំណរគុណដល់សមាគមដែលបានជួយភ្ជាប់ទំនាក់ទំនង និងសម្របសម្រួលជាមួយដៃគូជប៉ុន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការវប្បធម៌រវាងកម្ពុជា-ជប៉ុន។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានស្នើសុំសមាគមជប៉ុន-កម្ពុជាជួយទាក់ទាញផលិតករភាពយន្តជប៉ុន មកថតភាពយន្តនៅកម្ពុជាឱ្យបានច្រើនថែមទៀត ឬសហការផលិតភាពយន្តជាមួយផលិតករកម្ពុជា ដើម្បីផ្សព្វផ្សាយពីភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌កម្ពុជា លើកកម្ពស់ឧស្សាហកម្មភាពយន្ត និងជំរុញទាក់ទាញភ្ញៀវទេសចរជប៉ុនមកទស្សនាកម្ពុជា៕