នាល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរោងភាពយន្ត លេជេន សាខាអូឡាំព្យាម៉ល ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយឯកឧត្តមបណ្ឌិត Shaharuddin Onn, ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសប្តាហ៍ភាពយន្តម៉ាឡេស៊ីនៅកម្ពុជា ឆ្នាំ២០២៦។ ចូលរួមក្នុងឱកាសនោះរួមមានវត្តមានឯកឧត្តម លោកជំទាវតំណាងក្រសួងស្ថាប័ន ឯកឧត្តម លោកជំទាវជាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតប្រទេសប្រចាំនៅកម្ពុជា និងលោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ជាច្រើនរូប។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានមានប្រសាសន៍ថា កម្ពុជា និងម៉ាឡេស៊ី មានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យវប្បធម៌ និងឧស្សាហកម្មច្នៃប្រតិដ្ឋ ក្នុងនោះវិស័យភាពយន្ត ជាវិស័យដែលមានសក្តានុពល និងកាលានុវត្តភាពក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅដែលផ្តល់លទ្ធភាពឲ្យប្រជាជននៃប្រទេសយើងទាំង២មានឱកាសស្វែងយល់ពីប្រវត្តិសាស្ត្រ ប្រពៃណី ទំនៀមទម្លាប់ គុណតម្លៃ របៀបរស់នៅ និងបទពិសោធន៍សង្គមសម័យបច្ចុប្បន្នរបស់ប្រទេសនីមួយៗ។ ឯកឧត្តមបានបន្តថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាឱកាសសម្រាប់បង្ហាញស្នាដៃភាពយន្តម៉ាឡេស៊ីជូនដល់ទស្សនិកជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាដ៏មានតម្លៃក្នុងការពង្រឹងចំណងមិត្តភាព ការយោគយល់គ្នាទៅវិញទៅមក និងទំនាក់ទំនងវប្បធម៌ដ៏ល្អប្រពៃដែលប្រទេសកម្ពុជា និងម៉ាឡេស៊ីមានជាមួយគ្នាជាយូរមកហើយ។
សូមបញ្ជាក់ជូនថា កម្មវិធីសប្តាហ៍ភាពយន្តម៉ាឡេស៊ីនៅកម្ពុជា សហការរៀបចំដោយស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា រួមជាមួយក្រុមហ៊ុន Westec Media និងរោងភាពយន្ត Legend Cinema ដោយនឹងធ្វើការចាក់បញ្ចាំងភាពយន្តម៉ាឡេស៊ីល្បីៗជូនសាធារណជនទស្សនាដោយសេរី ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរោងភាពយន្ត លេជេន សាខាអូឡាំព្យម៉ល។








