នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ឺ វីរៈ ប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ លោកព្រឹទ្ធាចារ្យសិល្បៈ «នាដកោសលវិជ្ជា ជា ហ៊ា» មរតកមនុស្សរស់ នៅភូមិចំការសំរោង ឃុំចំការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ ឯកឧត្ដម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
មរតកមនុស្សរស់ សំដៅដល់បុគ្គល ឬក្រុមមនុស្សមានចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេសកម្រិតខ្ពស់បំផុត ដែលចាំបាច់ដល់ការបង្កើតភាពសម្រិតសម្រាំងនៃទិដ្ឋភាពជីវិតវប្បធម៌របស់ប្រជាជន និងអត្ថិភាពបន្តនូវបេតិកភណ្ឌវប្បធម៌របស់ជាតិ។
លោកព្រឹទ្ធាចារ្យសិល្បៈ ជា ហ៊ា បានចូលរៀនចំណេះទូទៅតាំងពីកុមារនៅសាលាវត្តក្ដុល ក្នុងខេត្តបាត់ដំបង។ នៅឆ្នាំ១៩៤១ លោកចូលហាត់ និងសម្ដែងក្នុងក្រុមល្ខោនបាសាក់មួយនៅខេត្តបាត់ដំបង។ ប៉ុន្តែក្រោយមក លោកបានចូលហាត់ល្ខោនខោល ពីលោកគ្រូ ពេជ្រ និងលោកគ្រូ អាង (គ្រូល្ខោនខោលសម័យនោះ) រហូតចេះអាចសម្ដែងបាន (ភាគច្រើនលោកសម្ដែងជាតួត្លុកកំប្លែង)។ នៅរវាងឆ្នាំ១៩៨២ លោកព្រឹទ្ធាចារ្យសិល្បៈ ជា ហ៊ា បានបង្កើតក្រុមល្ខោនខោលផ្ទាល់ខ្លួន តែលោកនៅជួយសម្ដែងឱ្យក្រុមល្ខោនបាសាក់ម្ដងម្កាលដែរ។ ក្រៅពីសម្ដែងល្ខោន លោកព្រឹទ្ធាចារ្យចេះធ្វើមុខខ្មុកសម្រាប់ល្ខោនខោល ព្រមទាំងបង្ហាត់បង្រៀនអំពីរបៀបធ្វើមុខខ្មុកផងដែរ។
សព្វថ្ងៃនេះលោកព្រឹទ្ធាចារ្យសិល្បៈ ជា ហ៊ា មានព្រះជន្ម ៩៧ឆ្នាំ ហើយលោកទទួលបានការគោរពីសំណាក់សហគមន៍សិល្បករ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងនាម «មរតកមនុស្សរស់» ជាបុគ្គលប្រកបដោយទេពកោសល្យ និងជំនាញជាន់ខ្ពស់ ក្នុងការបន្តថែរក្សាបេតិកភណ្ឌវប្បធម៌ជាតិមិនឱ្យបាត់បង់។ ជាមួយគ្នានោះ ឯកឧត្តម ក៏បាននាំយកថវិការបស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ជូនដល់លោកព្រឹទ្ធាចារ្យសិល្បៈផងដែរ៕







