នៅល្ងាចថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ឺ វីរៈ ប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចុះសួរសុខទុក្ខលោកព្រឹទ្ធាចារ្យ ឃី ម៉ុម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តម និងក្រុមការងារ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ព្រមទាំងនាំយកផ្លែឈើ និងថវិកាមួយចំនួនរបស់លោកជំទាវបណ្ឌិតសភាចារ្យ ជូនលោកព្រឹទ្ធាចារ្យ ដើម្បីជួយសម្រាលការលំបាកក្នុងអំឡុងពេលព្យាបាលជំងឺ។
ការចុះសួរសុខទុក្ខនេះ បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចំពោះសិល្បករ សិល្បការិនី និងព្រឹទ្ធាចារ្យសិល្បៈ តាមរយៈការផ្តល់ការគាំទ្រ និងឧបត្ថម្ភនៅពេលមានជំងឺ ព្រមទាំងជាការលើកទឹកចិត្ត និងតបស្នងចំពោះស្នាដៃសិល្បៈ ដែលបានរួមចំណែកដល់ការថែរក្សា អភិរក្ស និងលើកស្ទួយវប្បធម៌ជាតិ។
លោកយាយ ឃី ម៉ុម គឺជាព្រឹទ្ធាចារ្យសិល្បៈជំនាញផ្នែកល្ខោនយីកេ និងជាអ្នកចម្រៀងអមរបាំព្រះរាជទ្រព្យ ដែលមានទេពកោសល្យ និងបទពិសោធន៍ដ៏សម្បូរបែបក្នុងវិស័យសិល្បៈខ្មែរ។ កាលពីឆ្នាំ១៩៦៣ លោកយាយ ទទួលបានភាពល្បីល្បាញជាតួឯកស្រីក្នុងការសម្ដែងល្ខោនយីកេ ដោយសម្ដែងជាគូជាមួយប្អូនប្រុស ឃី ពៅ រហូតត្រូវបានសម្តេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសមនារីរ័ត្នសេរីវឌ្ឍនា អញ្ជើញឱ្យចូលសម្ដែងថ្វាយក្នុងព្រះបរមរាជវាំង។
នៅឆ្នាំ១៩៧៩ លោកយាយបានប្រមូលផ្តុំសាច់ញាតិ និងបង្កើតក្រុមល្ខោនយីកេឡើងវិញ។ ចន្លោះឆ្នាំ១៩៨០ ដល់ឆ្នាំ២០១០ លោកយាយបានបំពេញតួនាទីជាគ្រូបង្រៀនសិល្បៈយីកេនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងបានចូលរួមបណ្តុះបណ្តាលសិស្សនៅអង្គការសិល្បៈខ្មែរអមតៈ។ តាមរយៈការងារសិល្បៈ និងការបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ លោកយាយបានរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា អភិរក្ស និងបន្តវេនសិល្បៈបុរាណខ្មែរ។
បច្ចុប្បន្ន លោកយាយ ឃី ម៉ុម កំពុងសម្រាកព្យាបាលជំងឺ និងថែទាំសុខភាពនៅគេហដ្ឋាន៕






