ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


ព្រះមហាក្សត្រខ្មែរ និងប្រធានាធិបតីបារាំង កាត់ខ្សែបូសម្ពោធឱ្យប្រើប្រាស់ប្រាសាទមេបុណ្យខាងលិច នៅកណ្តាលបារាយណ៍ទឹកថ្លា

ព្រះមហាក្សត្រខ្មែរ និងប្រធានាធិបតីបារាំង កាត់ខ្សែបូសម្ពោធឱ្យប្រើប្រាស់ប្រាសាទមេបុណ្យខាងលិច នៅកណ្តាលបារាយណ៍ទឹកថ្លា

នារសៀលថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ព្រមទាំងលោកជំទាវទីមួយ បានយាង និងអញ្ជើញជាព្រះរាជាធិបតី និងអធិបតីភាពដ៏ខ្ពង់ខ្ពស់ កាត់ខ្សែបូសម្ពោធប្រកាសបើកឱ្យប្រើប្រាស់ប្រាសាទមេបុណ្យខាងលិចជាផ្លូវការ នៅចំកណ្តាលបារាយណ៍ទឹកថ្លា ខេត្តសៀមរាប។

ព្រះមហាក្សត្រខ្មែរ បានពាំនាំព្រះរាជបណ្តាំសាកសួរសុខទុក្ខដ៏កក់ក្តៅរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដល់ជនរួមជាតិទាំងអស់។ ព្រះអង្គមានព្រះរាជបន្ទូលថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសបារាំង ដែលបានសហការជាមួយអាជ្ញាធរជាតិអប្សរា ដោយចំណាយពេល ១៤ឆ្នាំ ក្នុងការស្រាវជ្រាវ ស្វែងរកថ្ម និងជញ្ជូនដុំថ្មម្តងមួយដុំៗ ជួសជុលប្រាសាទមេបុណ្យខាងលិចឱ្យរស់រានមានជីវិតដ៏ស្កឹមស្កៃឡើងវិញ។ ព្រះមហាក្សត្រខ្មែរ បានចាត់ទុកសមុច្ច័យដ៏មហិមានេះថា នឹងក្លាយជាឯកសារយោងដ៏សំខាន់បំផុតសម្រាប់កិច្ចសហប្រតិបត្តិការបុរាណវិទ្យា និងបេតិកភណ្ឌរវាងកម្ពុជា និងបារាំង។

ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង បានបង្ហាញសេចក្តីរំភើបចំពោះព្រះរាជសុន្ទរកថារបស់ព្រះមហាក្សត្រ និងបានពិពណ៌នាថា ការមកដល់ប្រាសាទមេបុណ្យខាងលិច គឺជាការបានឈរជាន់លើទឹកដីដ៏ពិសិដ្ឋ ដែលជាកន្លែងរកឃើញរូបបដិមាព្រះវិស្ណុផ្ទំធ្វើពីសំរឹទ្ធដ៏ធំបំផុតនៃអរិយធម៌ខ្មែរកាលពី ៩០ឆ្នាំមុន។ លោកប្រធានាធិបតីបានបញ្ជាក់ថា ការគាំទ្ររបស់បារាំងជាងមួយសតវត្សរ៍មកនេះ គឺជាការផ្តល់ធនធានបច្ចេកទេស វិទ្យាសាស្ត្រ និងធនធានមនុស្សដល់កម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការដោយស្មើភាពគ្នារវាងកម្ពុជានិងបារាំង៕