ក្រោយពីបានអនុវត្តការវិភាគមុខងារ ដែលជាកិច្ចការងារក្នុងវិធានគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ បានបន្តរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេសជាមួយក្រសួង ស្ថាប័ន ដើម្បីពិនិត្យ និងពិភាក្សាទៅលើខ្លឹមសារ ព្រមទាំងទិដ្ឋភាពផ្សេងៗទៀត នៃសេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន ដើម្បីធ្វើយ៉ាងណាស្របទៅតាមគោលនយោបាយនៃការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងស្របតាមអភិក្រមរបស់ សម្តេចមហាបវរធិបតី «រៀបចំផ្ទះ ឱ្យរៀបរយ» និង «ពង្រឹង ជាជាងពង្រីក»។
កិច្ចប្រជុំនេះដឹកនាំដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានជួបពិភាក្សាជាមួយនឹងប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលដឹកនាំដោយ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នារសៀលថ្ងៃ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នៅគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ៕








