ក្នុងរដូវវស្សាដែលមាន «ស្លែ» ដុះនៅលើថ្មនៃប្រាសាទបុរាណនានា បង្កើតឱ្យឃើញពណ៌បៃតង ហាក់បីដូចជាត្បូងមក៌ត បានធ្វើឱ្យសម្រស់របស់ប្រាសាទស្អាតប្លែកម្យ៉ាង ក្នុងការទាក់ទាញអារម្មណ៍និងភ្នែកអ្នកទេសចរ ដ៏គួរឱ្យចាប់ចិត្តមួយផ្នែក។
ជារៀងរាល់ថ្ងៃ មានអ្នកទេសចរខ្លះ បានចាប់អារម្មណ៍ និងចំណាយពេលទៅទស្សនារូបចម្លាក់មួយចំនួន ដែលស្លែបានដុះរុំជិត បង្កើតឱ្យមានពណ៌បៃតង ដោយពួកគេបានថតរូបភាពយ៉ាងច្រើនទុកជាអនុស្សាវរីយ៍។
«ស្លែ» ដែលដុះរុំលើផ្ទាំងថ្មប្រាសាទបុរាណ មិនត្រឹមតែបង្កើតជាទស្សនីយភាពថ្មី ឱ្យមានការទាក់ទាញ និងចាប់អារម្មណ៍ប៉ុណ្ណោះទេ គឺវាថែមទាំងមានប្រយោជន៍ជាច្រើនផងដែរ។
អ្នកជំនាញផ្នែកអភិរក្សថ្មបុរាណ បានពន្យល់ថា ស្លែធម្មជាតិ ដុះនៅលើថ្មប្រាសាទបុរាណ គឺជាប្រភពនៃភាពអស្ចារ្យ និងការពារពីកម្តៅ និងជួយបន្សុទ្ធខ្យល់ក្នុងអាកាស។
ហើយបច្ចុប្បន្ននេះ ក្រុងធំៗលើពិភពលោកកំពុងបណ្ដុះស្លែដាក់ឱ្យជួយបរិស្ថានក្នុងក្រុង។ តែយើងមានសំណាង ដែលវាបានដុះរស់នៅលើថ្ម មិនថា ខែវស្សា ឬប្រាំង បើទោះរដូវប្រាំង ក៏វានៅតែដើរតួនាទីជាស្រទាប់កាត់បន្ថយកម្តៅមកលើថ្មដែរ។
សូមភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញមកទស្សនាស្លែពណ៌បៃតងខ្ចី ដុះនៅលើថ្មកំពុងជួយឱ្យរមណីយដ្ឋានអង្គរ ដែលសម្បូរដោយប្រាសាទបុរាណមានភាពទាក់ទាញ បង្កើតជាទេសភាពស្រស់បំព្រង និងមានភាពរស់រវើកក្នុងរដូវភ្លៀងនេះ៕
អត្ថបទ៖ ឆាយ ផាន់នី
រូបរភាព៖ ស៊ិន ប្រណី





