ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានជម្រាបជូនអំពីសារសំខាន់នៃសមុច្ច័យ និងតួនាទីរបស់សារមន្ទីរជាតិកម្ពុជាក្នុងការផ្សព្វផ្សាយពីវប្បធម៌និងប្រវត្តិសាស្ត្រខ្មែរ។ លោកជំទាវរដ្ឋមន្ត្រីក៏បានបង្ហាញវត្ថុសិល្បៈសំខាន់ៗមួយចំនួន ដែលកំពុងដាក់តាំងបង្ហាញក្នុងវិចិត្រសាលក្នុងចំណោមវត្ថុជាង៩០០បានប្រគល់ត្រឡប់មកកម្ពុជាវិញពីសហរដ្ឋអាមេរិក ។ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានផ្តល់ការគាំទ្រជាបន្តបន្ទាប់ដល់កម្ពុជា ក្នុងការការពារ ថែរក្សា និងអភិរក្សប្រាសាទបុរាណ ជាបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ព្រមទាំងបានសហការយ៉ាងជិតស្និទ្ធក្នុងការទប់ស្កាត់ការជួញដូរ និងការនាំចេញសម្បត្តិវប្បធម៌ខ្មែរដោយខុសច្បាប់ និងការទាមទារធ្វើមាតុភូមិនិវត្តន៍សម្បត្តិវប្បធម៌ខ្មែរដែលបានបាត់បង់ក្នុងអំឡុងពេលប្រទេសកម្ពុជាឆ្លងកាត់សង្គ្រាម និងវិបត្តិជាច្រើនទសវត្សរ៍កន្លងមក។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានបន្តគាំទ្រកម្ពុជាលើវិស័យវប្បធម៌។ ក្នុងឆ្នាំ២០២៦ តាមរយៈមូនិធិ Cultural Property Agreement Implementation Grant (CPAIG) សហរដ្ឋអាមេរិកបានផ្តល់ប្រាក់ចំនួន១៣២,០០០ដុល្លា គាំទ្រដល់គម្រោង «ការការពារបេតិកភណ្ឌវប្បធម៌ចល័ត តាមរយៈប្រព័ន្ធមូលដ្ឋានទិន្នន័យរួម និងការកសាងសមត្ថភាព»។ លទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងពី ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងកម្ពុជា និងសហរដ្ឋអាមេរិកក្នុងវិស័យវប្បធម៌ ជាពិសេសតាមរយៈយន្តការនៃ កិច្ចព្រមព្រៀងស្តីពីសម្បត្តិវប្បធម៌ (Cultural Property Agreement) ដែលប្រទេសទាំងពីរបានចុះហត្ថលេខាដំបូងនៅឆ្នាំ២០០៣ និងបានក្លាយជាមូលដ្ឋានសំខាន់សម្រាប់ការពារបេតិកភណ្ឌវប្បធម៌ និងការបញ្ជូនសម្បត្តិវប្បធម៌ខ្មែរត្រឡប់មកកម្ពុជាវិញ។






