ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


ឯកឧត្តម ហ៊ឺ វីរៈ អញ្ជើញសួរសុខទុក្ខ លោក អ៉ឹម ចាន់ណា អតីតប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី

ឯកឧត្តម ហ៊ឺ វីរៈ អញ្ជើញសួរសុខទុក្ខ លោក អ៉ឹម ចាន់ណា អតីតប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី

នៅរសៀលថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ឺ វីរៈ ប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌និងវិចិត្រសិល្បៈ និង ឯកឧត្តម ហ៊ឺ តារា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចុះសួរសុខទុក្ខ លោក អ៉ឹម ចាន់ណា អតីតប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី នៅគេហដ្ឋាន ស្ថិតនៅភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ក្នុងឱកាសនោះ ឯកឧត្ដម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។

លោក អ៉ឹម ចាន់ណា បានចូលបម្រើការងារក្នុងវិស័យវប្បធម៌តាំងពីឆ្នាំ១៩៨២ កាលនោះ លោក ជាមន្រ្តីនៃមន្ទីរឃោសនា វប្បធម៌ និងព័ត៌មាន។ តាមរយៈការខិតខំប្រឹងប្រែងបំពេញការងារ លោក បានឡើងឋានៈជាបន្តបន្ទាប់ ជាអនុប្រធានការិយាល័យ ប្រធានការិយាល័យ អនុប្រធានមន្ទីរ និង ជាប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ហើយ លោក បានចូលនិវត្តន៍នៅឆ្នាំ២០១៦។

នាពេលកន្លងមកនេះ លោក អ៉ឹម ចាន់ណា បានរួមចំណែកយ៉ាងសកម្មក្នុងការគ្រប់គ្រង អភិរក្ស ស្រាវជ្រាវ ចងក្រងឯកសារ និងបានផ្ទេរចំណេះដឹងដល់មន្រ្តីជំនាន់ក្រោយ យុវជន មគ្គុទ្ទេសក៍ទេសចរណ៍អំពីតម្លៃប្រវត្តិសាស្រ្ត បុរាណវិទ្យា និងលើកស្ទួយសិល្បៈវប្បធម៌រូបី និងអរូបីនៅក្នុងខេត្ត ជាពិសេសលោកបានជួយអភិរក្សថែរក្សារបាំប្រពៃណីជនជាតិភាគតិចព្នង និងភ្នំដោះក្រមុំផងដែរ៕