រដ្ឋាភិបាលជប៉ុន តាមរយៈក្រសួងបរិស្ថានបានផ្តល់ជូន រថយន្តដឹកសំរាមមួយគ្រឿងដល់អាជ្ញាធរជាតិព្រះវិហារ ដើម្បីប្រើប្រាស់រួមចំណែកក្នុងការលើកកម្ពស់អនាម័យបរិស្ថាន និងការគ្រប់គ្រងសំរាមអោយកាន់តែមានប្រសិទ្ធភាពនៅក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទកោះកេរ។
ការប្រគល់ទទួលរថយន្តនេះធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ដោយមានការប្រគល់ទទួលដោយផ្ទាល់ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា។
ជាមួយគ្នានេះអាជ្ញាធរជាតិព្រះវិហារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុននិងក្រសួងបរិស្ថាន ដែលបានផ្តល់នូវរថយន្តដឹកសំរាមខាងលើនេះ និងយកចិត្តទុកដាក់លើកិច្ចគាំពារបរិស្ថាន ការលើកកម្ពស់អនាម័យ និងការគ្រប់គ្រងកាកសំណល់សំរាមគ្រប់ប្រភេទ ដើម្បីប្រើប្រាស់នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។








