ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញបើកកម្មវិធីសិក្ខាសាលាស្តីពីសិទ្ធិអ្នកនិពន្ធ និងប្រារព្វទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៦ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ 

ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញបើកកម្មវិធីសិក្ខាសាលាស្តីពីសិទ្ធិអ្នកនិពន្ធ និងប្រារព្វទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៦ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ 

ថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ បានរៀបចំសិក្ខាសាលាស្តីពីសិទ្ធិអ្នកនិពន្ធ និងប្រារព្វទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៦ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ (សាខាទួលស្លែង) ដែលមានសិស្ស និសិ្សត សាស្រ្តាចារ្យ និងមន្រ្តីរាជការចូលរួមចំនួន ២០០រូប។

នាឱកាសនេះ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ ថ្លែងជូនអង្គសិក្ខាសាលាអំពីប្រព័ន្ធកម្មសិទ្ធិបញ្ញានិងគោលបំណងនៃសិក្ខាសាលានេះដែលមានទិសដៅចម្បងសំខាន់ៗមានដូចជា៖

  • លើកកម្ពស់ការយល់ដឹងអំពីកម្មសិទ្ធិបញ្ញា ពិសេសគឺសិទ្ធិអ្នកនិពន្ធ
  • ជំរុញការច្នៃប្រតិដ្ឋ និងនវានុវត្តន៍ក្នុងវិស័យកីឡា
  • ផ្សព្វផ្សាយសារៈសំខាន់នៃការគោរព និងការពារស្នាដៃដោយស្របច្បាប់ 
  • បង្កើនការចូលរួមរបស់ស្ថាប័នអប់រំ និងសាធារណជនក្នុងវិស័យកម្មសិទ្ធិបញ្ញា 
  • គាំទ្រការអភិវឌ្ឍវិស័យកីឡា វប្បធម៌ និងឧស្សាហកម្មច្នៃប្រតិដ្ឋនៅកម្ពុជា

ជាមួយគ្នានេះ កម្មសិទ្ធិបញ្ញា និងវិស័យកីឡា ត្រូវបានចាត់ទុកថាជាចលករសំខាន់ក្នុងការបង្កើតទីផ្សារការងារ ទាក់ទាញវិនិយោគ បង្កើនចំណូលសេដ្ឋកិច្ច និងលើកកម្ពស់កេរ្តិ៍ឈ្មោះជាតិនៅលើឆាកអន្តរជាតិ។ ជាការពិតណាស់ ការរៀបចំព្រឹត្តិការណ៍ SEA Games លើកទី៣២ និង ASEAN Para Games លើកទី១២ នៅកម្ពុជា គឺជាសក្ខីកម្មប្រវត្តិសាស្ត្របង្ហាញពីការរីកចម្រើនយ៉ាងខ្លាំងនៃវិស័យកីឡា សមត្ថភាព និងកិត្យានុភាពរបស់កម្ពុជា។

ជាចុងក្រោយ ឯកឧត្តមបានសំណូមពរដល់យុវជន និស្សិត និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យសិក្សាស្វែងយល់អំពីកម្មសិទ្ធិបញ្ញា និងចូលរួមយ៉ាងសកម្មក្នុងការបង្កើតស្នាដៃថ្មីៗ ដើម្បីរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងនវានុវត្តន៍នៅកម្ពុជា។