នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង ដើម្បីសម្របសម្រួល វាយតម្លៃ និងត្រួតពិនិត្យវត្ថុបុរាណខ្មែរដែលត្រូវយកទៅតាំងពិព័រណ៍នៅបរទេស ផ្តល់កិត្តិយសចូលរួមសម្ពោធពិព័រណ៍មិនអចិន្រ្តៃយ៍ ក្រោមប្រធានបទ Meet Angkor Wat: Treasures from the National Museum of Cambodia ដែលត្រូវដាក់តាំងបង្ហាញវត្ថុបុរាណខ្មែរចំនួន១២២រូប នៅក្នុងសារមន្ទីរ Meet You Museum ក្រុងប៉េកាំង ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។
សូមរម្លឹកផងដែរថា កន្លងមកពិព័រណ៍នេះ ធ្លាប់បានដាក់តាំងនៅសារមន្ទីរ South China Sea Museum ខេត្តហៃណានអស់រយៈពេលបីខែ ហើយមានភ្ញៀវចូលទស្សនារហូតដល់៥១៣,០០០នាក់។ តួលេខភ្ញៀវនេះ បានបង្ហាញថា ប្រជាជនចិនចាប់អារម្មណ៍ខ្លាំងពីវប្បធម៌និងប្រវត្តិសាស្ត្រខ្មែរ។ ព្រឹត្តិការណ៍នេះ ឆ្លុះបញ្ចាំងពីភាពជោគជ័យនៃការផ្សព្វផ្សាយវប្បធម៌ខ្មែរតាមរយៈយន្តការនៃការផ្តល់កម្ចីរូបចម្លាក់ទៅដាក់តាំងបង្ហាញនៅបរទេស។ សកម្មភាពនេះ ជាផ្នែកមួយនៃការផ្សព្វផ្សាយនិងស្រូបទាញទេសចរចិនមកទស្សនាប្រទេសកម្ពុជានាពេលអនាគត។
ការតាំងពិព័ណ៍នេះ ជាគម្រោងពិព័រណ៍ចល័តដែលនឹងត្រូវធ្វើឡើងនៅតាមទីតាំងសារមន្ទីរមួយចំនួននៅក្នុងប្រទេសចិន។ ពិព័រណ៍នេះ ធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការរវាងនាយកដ្ឋានសារមន្ទីរ Art Exhibitions China និងសារមន្ទីរ Meet You Museum ដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា។























