ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


អាជ្ញាធរជាតិអប្សរាបានរៀបចំកិច្ចប្រជុំក្រុមការងារដឹកនាំគម្រោង AWR

អាជ្ញាធរជាតិអប្សរាបានរៀបចំកិច្ចប្រជុំក្រុមការងារដឹកនាំគម្រោង AWR

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរាបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ របស់ក្រុមការងារដឹកនាំគម្រោង «គ្រប់គ្រងទឹកអង្គរប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ច (Angkor Water Resilience-AWR) » ដើម្បីពិនិត្យ និងវាយតម្លៃទៅលើវឌ្ឍនភាពការងាររបស់គម្រោង ដែលជាកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួងការបរទេស និងពាណិជ្ជកម្ម របស់ប្រទេសនូវែលសេឡង់ (MFAT)។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោកស្រី Dana AVRAM លេខាធិការទីមួយ និងជាប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នៃស្ថានទូតប្រទេសនូវែលសេឡង់ (First Secretary and Head of Development Cooperation of the New Zealand Embassy)។

ជាមួយគ្នានោះដែរ ក្រុមការងារដឹកនាំគម្រោង ក៏បានចុះពិនិត្យផ្ទាល់នៅតាមការដ្ឋាន និងទីតាំងនានារបស់គម្រោងដូចជា សាលពិព័រណ៍នៅមជ្ឈមណ្ឌលបដិសណ្ឋារកិច្ច និងបកស្រាយព័ត៌មាន ការអនុវត្តប្លង់មេនៅវត្តអង្គរខាងជើង ការស្ថារហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត ការដាំកូនឈើតាមបណ្តោយទំនប់/ប្រឡាយ និងកសិករគំរូរបស់គម្រោងនៅក្នុងឃុំលាងដៃជាដើម៕