នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមកម្មវិធី «សប្តាហ៍មរតកមនុស្សរស់» ព្រមទាំងទទួលថវិកាឧបត្ថម្ភពីក្រុមហ៊ុនកូនខ្មែរជីបម៉ុងដែលបានឧបត្ថម្តដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចំនួន៥០,០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំ(រយៈពេល៥ឆ្នាំ) ។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅ”ភូមិខ្មែរអ្នកធ្វើ” នៅទីតាំងផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល។
ក្នុងឱកាសនោះលោកជំទាវបានមានប្រសាសន៍បញ្ជាក់ថា ការចូលរួមឧបត្ថម្ភថវិកា ពីសំណាក់ ក្រុមហ៊ុនកូនខ្មែរជីបម៉ុង សរបញ្ជាក់យ៉ាងច្បាស់ពីទឹកចិត្តសប្បុរស និងស្មារតីទទួលខុសត្រូវចំពោះសង្គម ។ នេះគឺជាការគាំទ្រយ៉ាងសំខាន់ដល់ការអភិរក្ស លើកកម្ពស់ និងអភិវឌ្ឍវិស័យវប្បធម៌ជាតិ ព្រមទាំងជាគំរូដ៏ល្អ នៃភាពជាដៃគូរវាងវិស័យឯកជន និងស្ថាប័នរដ្ឋក្នុងការរួមចំណែកដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវបានរំលេចពីសកម្មភាពការងារ និងការជួយជ្រោមជ្រែងយ៉ាងសកម្ម របស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ុង ក្នុងវិស័យវប្បធម៌ ដែលបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ចំពោះការអភិរក្ស លើកតម្កើង និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ជាតិ ហើយក៏ជាគំរូដ៏ល្អមួយដែលបង្ហាញថា ភាពជោគជ័យក្នុងអាជីវកម្មអាចដើរទន្ទឹមគ្នាជាមួយការរួមចំណែកដល់សង្គម និងប្រទេសជាតិ។














