នាល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីសម្តែងទស្សនីយភាព“The Film Delivery Man” នៅសាលសន្និសីទចតុម្មុខ ដែលរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។ ថ្លែងនៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានលើកឡើងថា កម្មវិធីនារាត្រីនេះ មិនត្រឹមតែជាការសម្ដែងសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាមួយសម្រាប់អបអរសាទរមិត្តភាព ភាពច្នៃប្រឌិត និងភាពជាដៃគូដ៏ល្អ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ជាមួយគ្នានេះ វាក៏បានឆ្លុះបញ្ចាំងអំពីតួនាទីដ៏សំខាន់របស់វប្បធម៌ និងសិល្បៈ ក្នុងការផ្សារភ្ជាប់ប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធថែមទៀត ស្របពេលដែលឆ្នាំ២០២៧ខាងមុខនេះជាខួបលើកទី៣០ នៃការតភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌កន្លងមករវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋកូរ៉េ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគាំទ្រដល់សិល្បករ និងលើកស្ទួយយុវជនដែលមានទេពកោសល្យ ការលើកទឹកចិត្តសហគ្រិនភាព និងជម្រុញការផ្លាស់ប្តូរបទពិសោធន៍រវាងសិល្បករកម្ពុជានិងសិល្បករបរទេស សំដៅបង្កើនភាពច្នៃប្រឌិត លើកកម្ពស់សមត្ថភាពជំនាញ និងពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនឱ្យកាន់តែយូរអង្វែង៕






