ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រៀបចំសិក្ខាសាលាស្តីពី «ការដាក់ឲ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ» ដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រៀបចំសិក្ខាសាលាស្តីពី «ការដាក់ឲ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ» ដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលដ៏មានសារៈសំខាន់មួយ ស្តីពី «ការដាក់ឲ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ» នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ សិក្ខាសាលានេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ កម្មវិធីនេះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាច្រើនរូប រួមមាន ប្រធានអង្គភាព ប្រធានកម្មវិធី ប្រធានអង្គភាពថវិកា អមដោយមន្ត្រីជំនាញហិរញ្ញវត្ថុ ក៏ដូចជាតំណាងប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្តទាំង ២៥ផងដែរ។ ការដាក់ឱ្យអនុវត្តនូវចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិកានេះ គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការជួយរៀបចំ ចងក្រង និងតាមដានការចំណាយថវិកាជាតិឱ្យចំគោលដៅ មានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់ ព្រមទាំងងាយស្រួលក្នុងការធ្វើសវនកម្ម និងការវាយតម្លៃលទ្ធផលនៃការអនុវត្តគោលនយោបាយវប្បធម៌នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

តាមរយៈសិក្ខាសាលានេះ មន្ត្រីជំនាញនិងអ្នកពាក់ព័ន្ធទាំងអស់ ទទួលបាននូវការពន្យល់ណែនាំលម្អិតពីសំណាក់ក្រុមការងារលើនីតិវិធីបច្ចេកទេសថ្មីៗ ការបំពេញឯកសារថវិកា និងការជៀសវាងបញ្ហាប្រឈមនានាក្នុងការអនុវត្តប្រចាំថ្ងៃ។ សិក្ខាសាលាក៏បានបើកឱកាសឱ្យមានកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ សួរសំណួរ និងបំភ្លឺលើចំណុចស្មុគស្មាញនានា ដើម្បីធានាថាអ្នកចូលរួមទាំងអស់អាចយកចំណេះដឹងទាំងនេះទៅអនុវត្តនៅអង្គភាព និងមន្ទីររាជធានី-ខេត្តរៀងៗខ្លួនបានយ៉ាងរលូន និងមានប្រសិទ្ធភាពខ្ពស់។